ការស្វែងយល់អំពីសេចក្តីវេទនា

ការស្វែងយល់អំពីសេចក្តីវេទនា

សេចក្តីសង្ខេប

សព្វថ្ងៃនេះមនុស្សជាច្រើនកំពុងរងគ្រោះដោយសារការធ្វើបាប និងការរំលោភបំពាន។ ព្រះយេស៊ូវក៏ទ្រង់ក៏ធ្លាប់មានព្រះជន្មរស់នៅក្នុងសេចក្តីវេទនាផងដែរ។ ទ្រង់បានជួយពួកគេ បានព្យាបាលពួកគេ និងបានបង្រៀនពួកគេអំពីផ្លូវដ៏ប្រសើរមួយ។ មនុស្សខ្លះបានស្អប់ព្រះអង្គ និងបានធ្វើគុតព្រះអង្គ ប៉ុន្តែបីថ្ងៃក្រោយមក ទ្រង់មានព្រះជន្មរស់ឡើងវិញ និងបានត្រឡប់ទៅឯព្រះវរបិតារបស់ព្រះអង្គដែលនៅស្ថានសួគ៌វិញ។ ខិត្តបណ្ណនេះផ្តល់នូវការរំឭកឡើងវិញដោយសង្ខេបអំពីព្រះជន្ម និងសេចក្តីឈឺចាប់របស់ព្រះយេស៊ូវ ព្រមទាំងសេចក្តីសន្យារបស់ព្រះអង្គក្នុងការព្យាបាលចិត្តដែលខ្ទេចខ្ទាំរបស់យើងរាល់គ្នា។

ដោនឡូដ

បុរសម្នាក់បានឧទានឡើងទាំងមិនពេញចិត្តថា «កូនស្រីទៀតហើយខ្ញុំ!»។ គាត់ និងភរិយារបស់គាត់មានកូនស្រីពីរនាក់រួចទៅហើយ។ «យើងត្រូវការកូនប្រុសម្នាក់ មិនត្រូវការកូនស្រីម្នាក់ទៀតនោះឡើយ!» គាត់បានបញ្ជូននាងឆៃឡៃ ដែលជាកូនស្រី ទៅឱ្យបងប្អូនជីដូនមួយរបស់គាត់។ ប៉ុន្តែ ជីវិតនៅក្នុងផ្ទះរបស់បងប្អូនជីដូនមួយបានក្លាយទៅជាសុបិនដ៏អាក្រក់សម្រាប់នាងឆៃឡៃ។ ឪពុកម្តាយចិញ្ចឹមរបស់នាងបានគំហកឱ្យនាងថា «នាងឯងល្ងង់អ៊ីចឹង ចូលរៀនមិនកើតទេ»។ ផ្ទុយទៅវិញ ពួកគេបានប្រើនាងឱ្យធ្វើការដូចជាអ្នកបម្រើអ៊ីចឹង។ ដោយរងនូវការប្រមាថមើលងាយជាប្រចាំនោះ នាងឆៃឡៃបានរងទុក្ខនៅក្នុងក្រោមដុំពពកនៃភាពអាម៉ាស់ និងកំហឹង ហើយមើលទៅហាក់ដូចជាគ្មានអ្នកណាម្នាក់ស្រឡាញ់នាងឡើយ។

តើលោកអ្នកធ្លាប់ឮរឿងស្រដៀងគ្នាទៅនឹងរឿងរបស់នាងឆៃឡៃដែរឬទេ? លោកអ្នកប្រហែលជាធ្លាប់រងនូវការប្រមាថ និងរងសម្ពាធដោយការឈឺចាប់ផង ក៏ថាបាន។

យើងព្យាយាមរត់គេច នៅពេលដែលការឈឺចាប់កើនឡើងដល់កម្រិតដែលមិនអាចទប់បាន ប៉ុន្តែ ជាញឹកញាប់ យើងបែរជានាំទុក្ខដាក់ខ្លួនឯង និងអ្នកដទៃកាន់តែធ្ងន់ជាងមុន ក៏ថាបាន។ ជួនកាល យើងអាចនឹងគិតថា រឿងអាក្រក់ៗនៅក្នុងអតីតកាលរបស់យើងកំពុងតែធ្វើឱ្យយើងរងទុក្ខនៅពេលបច្ចុប្បន្ននេះទៀតផង។ ប៉ុន្តែ គ្មានការកំសាន្តចិត្តនៅក្នុងគំនិតបែបនេះឡើយ។ វាបានត្រឹមតែបន្ថែមការភ័យខ្លាច និងការខកចិត្តប៉ុណ្ណោះ។ តើមានក្តីសង្ឃឹមណា ដែលនឹងបញ្ចប់ការឈឺចាប់ និងរឿងអាក្រក់របស់យើងដែរឬទេ?

មនុស្ស​​​រាប់លាននាក់ រួមទាំងនាងឆៃឡៃផងដែរ បានរកឃើញក្តីសង្ឃឹមតាមរយៈការអាណិតអាសូរ និងសេចក្តីស្រឡាញ់ដ៏ពិតប្រាកដរបស់ព្រះយេស៊ូវ។ 

តើព្រះយេស៊ូវជាអ្នកណា?

ព្រះយេស៊ូវដែលជាបរមគ្រូពីសម័យបុរាណបានប្រសូត្រនៅក្នុងគ្រួសារដ៏ក្រីក្រមួយ។ បន្ទាប់ពីទ្រង់ប្រសូត្រមិនទាន់បានប៉ុន្មានផង គ្រួសាររបស់ទ្រង់ក៏បានគេចខ្លួនពីស្តេចដ៏ឃោរឃៅមួយអង្គ ទៅរស់នៅដូចជាជនភៀសខ្លួននៅក្នុងប្រទេសអេស៊ីព្ទ។ នៅពេលដែលស្តេចដ៏អាក្រក់អង្គនេះបានសុគតទៅ គ្រួសាររបស់ព្រះយេស៊ូវបានវិលត្រឡប់មកកាន់ប្រទេសអ៊ីស្រាអែលវិញ ហើយបានតាំងទីលំនៅក្នុងភូមិណាសារ៉ែត ជាភូមិមួយដែលមានកេរ្តិ៍ឈ្មោះមិនសូវល្អឡើយ។ រឿងនេះស្តាប់ទៅប្រៀបដូចជាការចាប់ផ្តើមដ៏អាក្រក់មួយសម្រាប់ព្រះបរមគ្រូមួយអង្គនេះអ៊ីចឹង។ 

នាមព្រះយេស៊ូវមានន័យថា «ព្រះទ្រង់សង្គ្រោះ»។ ប្រាំពីររយឆ្នាំ មុនកំណើតរបស់ព្រះយេស៊ូវ បទទំនាយបានសំដែងថា ព្រះសង្គ្រោះមួយអង្គនឹងយាងមកកាន់ពិភពលោកនេះ ទ្រង់នឹងត្រូវរងទុក្ខដូចជាពួកអ្នកដែលទ្រង់បានយាងមកសង្គ្រោះផងដែរ។ បេសកកម្មរបស់ព្រះអង្គគឺជួយដល់មនុស្សដែលសោកសង្រេង និងនាំមកនូវទីបញ្ចប់នៃសេចក្តីវេទនា និងសេចក្តីស្លាប់។ 

មិត្តភាពដ៏ពិតប្រាកដរបស់ព្រះយេស៊ូវ

ព្រះគម្ពីរដែលជាសៀវភៅបរិសុទ្ធរបស់គ្រីស្ទាន បានសំដែងប្រាប់នូវរឿងជាច្រើនអំពីរបៀបដែលព្រះយេស៊ូវចូលទៅជិតមនុស្សរងទុក្ខទាំងឡាយ។

ថ្ងៃមួយ បុរសម្នាក់ដែលមានជំងឺឃ្លង់យ៉ាងធ្ងន់ធ្ងរ បានមកកាន់កន្លែងដែលព្រះយេស៊ូវកំពុងតែបង្រៀន។ រាងកាយរបស់គាត់គ្របដណ្តប់ទៅដោយដំបៅជាច្រើន ហើយក៏មានក្លិនអាក្រក់ផង។ គាត់បានរងនូវភាពអាម៉ាស់ និងអស់សង្ឃឹមជាទីបំផុត ដោយសារតែមនុស្សជំនាន់គាត់បានជឿថា ជំងឺរបស់គាត់គឺជាទណ្ឌកម្មមួយនៃកំហុសរបស់គាត់ហើយ។ ប៉ុន្តែ ព្រះយេស៊ូវបានយាងទៅជិតគាត់ ព្រមទាំងពាល់គាត់ផងដែរ។ រំពេចនោះ គាត់ក៏បានជាភ្លាម! 

មានមួយដងនោះ ព្រះយេស៊ូវបានជួបបុរសអារក្សចូលពីរនាក់ ដែលរស់នៅតាមផ្នូរ ទាំងស្រែក និងអារសាច់ខ្លួនជាមួយនឹងថ្ម។ នៅពេលដែលពួកគេឃើញព្រះយេស៊ូវ ពួកវិញ្ញាណអាក្រក់បានប្រាប់ទ្រង់ឱ្យថយចេញពីពួកវាទៅ។ ប៉ុន្តែ ព្រះយេស៊ូវបានបណ្តេញពួកវិញ្ញាណទាំងនោះចេញវិញ។ ពួកវិញ្ញាណទាំងនោះបានស្តាប់តាមទ្រង់ រំពេចនោះ បុរសទាំង២នោះក៏បានដឹងខ្លួនឡើងវិញ។

ក្រោយមកទៀត ព្រះយេស៊ូវទ្រង់បានជួបស្ត្រីម្នាក់ទៀត ដែលត្រូវគេរើសអើងនៅក្នុងភូមិរបស់នាង ដោយសារតែនាងបានរៀបការ៥ដងមកហើយ។ នាងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលព្រះយេស៊ូវបានមានព្រះបន្ទូលយ៉ាងស្រទន់ទៅកាន់នាង។ នាងសប្បាយចិត្តជាខ្លាំង រហូតដល់នាងបាននាំមនុស្សគ្រប់គ្នាឱ្យស្គាល់ព្រះបរមគ្រូអង្គនេះ ដែលបានប្រទានក្តីសង្ឃឹមដល់នាង។ 

មិត្តភ័ក្តិដែលបានរងទុក្ខ

លោកអ្នកច្បាស់ជាគិតថា មនុស្សទាំងអស់បានស្រឡាញ់ចូលចិត្តព្រះប្រោសលោះដ៏អស្ចារ្យ និងសប្បុរសអង្គនេះហើយ មើលទៅ។ ជាការពិតណាស់ មនុស្សជាច្រើនបានស្រឡាញ់ទ្រង់មែន។ ប៉ុន្តែ ពួកមេដឹកនាំសាសនា បែរជាច្រណែននឹងប្រជាប្រិយភាពរបស់ព្រះយេស៊ូវវិញ ពួកគេថែមទាំងបានរៀបចំផែនការកំចាត់ទ្រង់ទៀតផង។

ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ព្រះអង្គថា ទ្រង់នឹងត្រូវគេចោទប្រកាន់ ព្រមទាំងត្រូវគេសម្លាប់បង់ផង។ ទ្រង់បានបកស្រាយថា រឿងនេះគឺជាផែនការរបស់ព្រះ ដើម្បីឱ្យទ្រង់បានចូលទៅក្នុងសេចក្តីវេទនារបស់មនុស្សលោក និងកែប្រែចិត្តរបស់ពួកគេ។ ទ្រង់បានទាយថា ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទីបី។ ប៉ុន្តែ ពួកសិស្សរបស់ព្រះអង្គមិនព្រមឱ្យព្រះបរមគ្រូជាទីស្រឡាញ់របស់ពួកគេត្រូវរងទុក្ខយ៉ាងខ្លោចផ្សានោះឡើយ។ ពួកគេក៏បានតាំងចិត្តថា នឹងការពារទ្រង់។ 

គួរឱ្យសោកស្តាយណាស់ អ្វីៗក៏បានកើតឡើងដូចជាព្រះយេស៊ូវបានមានបន្ទូលមែន។ សិស្សម្នាក់ដែលបានក្បត់ព្រះយេស៊ូវ ដោយសារតែការលោភលន់ចង់បានប្រាក់ បាន​នាំមនុស្សមួយក្រុមមកចាប់ទ្រង់ទាំងកណ្តាលអាធ្រាត្រ។ ពួកសិស្សដទៃៗទៀតក៏បានរត់គេចខ្លួនទាំងភ័យខ្លាច។ មានសាក្សីក្លែងក្លាយជាច្រើនបានចោទប្រកាន់ព្រះយេស៊ូវថា ទ្រង់មានផែនការផ្តួលរំលំរដ្ឋាភិបាល។ ព្រះយេស៊ូវត្រូវបានគេកាត់ទោស វាយដំយ៉ាងព្រៃផ្សៃ ព្រមទាំងត្រូវគេដំដែកគោលភ្ជាប់ទៅនឹងឈើឆ្កាងឱ្យសុគតយ៉ាងវេទនាផងដែរ។ 

ក្តីសង្ឃឹមនៅក្នុងការរងទុក្ខរបស់យើង

មាតា និងពួកសិស្សរបស់ព្រះយេស៊ូវបានយំសោកជាខ្លាំង ខណៈដែលពួកគេបញ្ចុះព្រះសពរបស់ទ្រង់ទៅក្នុងផ្នូរ។ ទាហានជាច្រើនបានបោះត្រានៅលើផ្នូរ ថែមទាំងដាក់គ្នាយាមនៅខាងក្រៅផ្នូរទៀតផង។ ប៉ុន្តែ នៅថ្ងៃទីបី មានការរញ្ជួយដីដ៏ខ្លាំងមួយ បានធ្វើឱ្យផ្នូរនោះរបើកឡើង ហើយព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ។ 

នៅពេលដែលព្រះយេស៊ូវបង្ហាញអង្គទ្រង់ដល់ពួកសិស្សរបស់ទ្រង់នោះ ពួកគេសឹងតែមិនជឿនូវអ្វីដែលពួកគេបានឃើញ! ទ្រង់បានអត់ទោសដល់ពួកគេ ដែលបានរត់គេចខ្លួន នៅពេលដែលទ្រង់ត្រូវការពួកគេជាទីបំផុត។ ទ្រង់បានចំណាយពេលបង្រៀនព្រះគម្ពីរដល់ពួកគេ ដោយបានបង្ហាញដល់ពួកគេ អំពីផែនការចុងក្រោយបំផុតរបស់ទ្រង់ ក្នុងការបញ្ឈប់សេចក្តីវេទនា និងសេចក្តីស្លាប់។ ទ្រង់បានបង្គាប់ឱ្យពួកគេចេញទៅប្រាប់មនុស្សគ្រប់គ្នាឱ្យត្រៀមខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ទ្រង់ នៅពេលដែលទ្រង់ត្រូវបញ្ចប់បេសកកម្មសង្គ្រោះរបស់ទ្រង់។ បន្ទាប់មក ព្រះយេស៊ូវបានយាងទៅឯស្ថានសួគ៌វិញ។ 

មិត្តដែលយល់អំពីការឈឺចាប់របស់ខ្ញុំ

ក្មេងស្រីឆៃឡៃបានធំធាត់ឡើង ដោយខ្វះភាពកក់ក្តៅ នៅទីបំផុត នាងបានរៀនអំពីព្រះយេស៊ូវពីមនុស្សល្អៗមួយចំនួន ដែលធ្វើការនៅក្នុងជំរំជនភៀសខ្លួន ដែលជាកន្លែងដែលនាងបានរត់គេចនៅក្នុងអំឡុងសង្គ្រាម។ នាងបានស្តាប់រឿងជាច្រើនពីព្រះគម្ពីរ ព្រមទាំងបានរៀនអំពីផែនការរបស់ព្រះក្នុងការបញ្ចប់សេចក្តីវេទនា និងសេចក្តីស្លាប់ផងដែរ។ នាងឆៃឡៃបានដឹងថា ព្រះជាម្ចាស់ទ្រង់អាចជួយឱ្យនាងរួចផុតពីភាពអាម៉ាស់ និងសេចក្តីវេទនាបាន ម្ល៉ោះហើយ នាងបានទូលសូមដល់ទ្រង់ឱ្យព្យាបាលចិត្តរបស់នាង។ ព្រះអម្ចាស់ទ្រង់បានដកយកភាពសម្អប់ និងភាពជូរចត់របស់នាងចេញ ដោយបានប្រទានដល់នាងវិញនូវការអត់ទោស និងចិត្តអាណិតអាសូរ។ សព្វថ្ងៃនេះ នាងបានថ្លែងប្រាប់មនុស្សទាំងឡាយអំពីរបៀបដែលព្រះអម្ចាស់បានលាងសម្អាតនាង និងបានហៅនាងថា ជាបុត្រីរបស់ទ្រង់ផង។ 

ចុះលោកអ្នកវិញ? តើលោកអ្នកចង់ជួបព្រះយេស៊ូវដែរឬទេ? លោកអ្នកអាចទូលទៅកាន់ព្រះយ៉ាងដូច្នេះថា៖ 

ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់សម្រាប់ចំណេះដឹង អំពីការឈឺចាប់ដែលទូលបង្គំបានឆ្លងកាត់នេះ (សូមរៀបរាប់អំពីទុក្ខលំបាករបស់លោកអ្នកនៅត្រង់ចំណុចនេះផង)។ ទូលបង្គំសូមអរព្រះគុណទ្រង់ ដែលបានចាត់ព្រះយេស៊ូវឱ្យមកសង្គ្រោះទូលបង្គំចេញពីសេចក្តីវេទនា។ សូមទ្រង់ព្យាបាលចិត្តរបស់ទូលបង្គំ ហើយប្រទាននូវសេចក្តីសុខសាន្ត និងវិញ្ញាណនៃការអត់ឱនទោសដល់ទូលបង្គំផង។ អាម៉ែន។

ប្រសិនបើលោកអ្នកចង់រៀនបន្ថែមទៀតអំពីព្រះយេស៊ូវ និងរបៀបដែលទ្រង់អាចជួយដល់យើងបាន នៅក្នុងគ្រានៃសេចក្តីវេទនានោះ សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមព័ត៌មាននៅលើខ្នងក្រដាសនេះ។

Copyright © 2023 by Sharing Hope Publications. លោកអ្នកអាចបោះពុម្ពផ្សាយកិច្ចការនេះបាន និងចែកចាយសម្រាប់គោលបំណងដែលមិនរកកម្រៃ ដោយមិនចាំបាច់មានការអនុញ្ញាត។ ខគម្ពីរត្រូវបានដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ (ពគប) ឆ្នាំ១៩៥៤។

សូមចុះឈ្មោះដើម្បីបានទទួលព្រឹត្តិប័ត្រព័ត៌មានរបស់យើង

ក្លាយជាមនុស្សដំបូងដើម្បីបានដឹងថាពេលណាការបោះពុម្ពផ្សាយថ្មីៗបានរួចរាល់

newsletter-cover