
តើព្រះយេស៊ូវអាចជួយបានដែរឬទេ?
សេចក្តីសង្ខេប
យើងទាំងអស់គ្នាសុទ្ធតែប្រឈមនឹងបញ្ហាជីវិតដែលយើងមិនអាចដោះស្រាយដោយខ្លួនឯងបាន។ ជួនកាលយើងគិតថា គ្មាននរណាម្នាក់មើលឃើញការឈឺចាប់របស់យើងទេ ប៉ុន្តែព្រះអាទិករទ្រង់ជ្រាបគ្រប់យ៉ាងទាំងអស់អំពីការឈឺចាប់នោះ។ ទ្រង់បានចាត់ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រារបស់ព្រះអង្គ ជាមួយនឹងផែនការមួយដើម្បីជួយយើងឲ្យគេចផុតពីសេចក្តីវេទនាជារៀងរហូត។ រឿងបីនេះពណ៌នាអំពីមនុស្សពិតៗ ជាមួយនឹងបញ្ហាពិតៗ ដែលបានបែរមករកជំនួយពីព្រះយេស៊ូវ។ នៅគ្រានោះ ពួកគេមិនសូវបានដឹងអំពីព្រះយេស៊ូវទេ ប៉ុន្តែបន្ទាប់ពីទ្រង់បានជួយដល់ពួកគេ ពួកគេក៏ចង់ដឹងអំពីទ្រង់ឲ្យកាន់តែច្បាស់ឡើងថែមទៀត។ ខិត្តបណ្ណនេះបង្រៀនយើងរាល់គ្នាអំពីរបៀបអធិដ្ឋាន ដើម្បីឲ្យយើងរាល់គ្នាអាចទូលប្រាប់ដល់ព្រះយេស៊ូវអំពីបញ្ហារបស់យើង។ ទ្រង់ក៏នឹងជួយដល់យើងរាល់គ្នាផងដែរ!
ប្រភេទ
ខិត្តបណ្ណ
រោងពុម្ព
Sharing Hope Publications
មាននៅក្នុង
12 ភាសា
ទំព័រ
6
មិត្តអើយ ខ្ញុំមិនដឹងថា លោកអ្នកកំពុងតែដោះស្រាយបញ្ហាអ្វីនៅក្នុងជីវិតរបស់លោកអ្នកនោះទេ ប៉ុន្តែ យើងទាំងអស់គ្នាសុទ្ធតែប្រឈមជាមួយនឹងបញ្ហា ដែលយើងគ្មានអំណាចនឹងដោះស្រាយបានឡើយ។
ជំងឺដំកាត់។ ការពិបាកចិត្ត។ ភាពឯកា។ ការញៀន។ ភាពក្រីក្រ។ ការភ័យខ្លាច។ ភាពអាម៉ាស់។ មិនថា លោកអ្នកកំពុងតែប្រឈមនឹងបញ្ហាអ្វីនោះទេ មានព្រះមួយអង្គដែលអាចជួយដល់លោកអ្នកបាន។ ទ្រង់មានព្រះនាមថាព្រះយេស៊ូវគ្រីស្ទ។ មនុស្សជាច្រើនបានបែរទៅរកព្រះអង្គនៅក្នុងគ្រានៃសេចក្តីត្រូវការ ហើយពួកគេក៏បានទទួលជំនួយផងដែរ។
ខាងក្រោមនេះគឺជារឿងពិត៣រឿង ស្តីអំពីមនុស្សនៅទ្វីបអាស៊ីដែលព្រះយេស៊ូវបានជួយ។
ម្តាយវ័យក្មេងម្នាក់នៅក្នុងប្រទេសស្រីលង្កា
នាងចាយ៉ាបានធ្វើការនៅក្នុងមន្ទីរពិសោធន៍ឈាមតូចមួយ។ នាងសប្បាយចិត្ត ដែលនាងមានការងារធ្វើ ដើម្បីចិញ្ចឹមខ្លួនឯង និងកូនប្រុសតូចរបស់នាង បន្ទាប់ពីប្តីរបស់នាងបានបែកពីនាងទៅ។ ទោះបីជានាងជាពុទ្ធសាសនិកក៏ដោយ នាងចាយ៉ាសប្បាយចិត្តនឹងធ្វើការឱ្យនាងអេណា ដែលជាចៅហ្វាយគ្រីស្ទានរបស់នាង។ មិនយូរប៉ុន្មាន ពួកគេក៏បានក្លាយមកជាមិត្តល្អនឹងគ្នា។
ថ្ងៃមួយ ខណៈដែលកំពុងធ្វើការនោះ នាងចាយ៉ាស្រាប់តែមានអារម្មណ៍ថា ឈឺចាប់យ៉ាងខ្លាំង។ នាងបានស្រែកឡើង ទាំងភ័យខ្លាច នៅពេលដែលនាងបានឃើញឈាមហូរ និងស្នាមឆូតវែងៗបីកន្លែងនៅត្រង់ដើមដៃរបស់នាង។ នាងចាយ៉ាអាចដឹងបានថា នៅក្នុងបន្ទប់នោះ មានវិញ្ញាណអាក្រក់។
ដោយបានឮសំរែករបស់នាងចាយ៉ា នាងអេណាក៏រត់មកមើលភ្លាម។ នាងបានឃើញភាពស្លន់ស្លោនៅលើផ្ទៃមុខស្លេកស្លាំងរបស់នាងចាយ៉ា ខណៈពេលដែលនាងពន្យល់អំពីហេតុការណ៍ដែលបានកើតឡើងនោះ។ នាងអេណាបានតបទៅវិញថា «ចាយ៉ាអើយ ព្រះរបស់ខ្ញុំមានអំណាចនឹងបណ្តេញពួកវិញ្ញាណអាក្រក់ទាំងនេះបាន។ តោះយើងនាំគ្នាអធិស្ឋាន»។ ខណៈពេលដែលនាងអេណាកំពុងតែអធិដ្ឋាននោះ នាងចាយ៉ាមានអារម្មណ៍ថា សេចក្តីសុខសាន្តបានគ្របមកលើចិត្តរបស់នាង។ ពួកវិញ្ញាណទាំងនោះក៏បានរលាយបាត់ទៅ។
នាងចាយ៉ាបាននិយាយថា «ខ្ញុំមិនដឹងថា សេចក្តីអធិដ្ឋានមានប្រសិទ្ធភាពឆាប់រហ័សបែបនេះទាល់តែសោះ ខ្ញុំពិតជាចង់ដឹងបន្ថែមទៀតអំពីព្រះយេស៊ូវ ដែលចៅហ្វាយរបស់ខ្ញុំបានអធិដ្ឋានទូលសូមនេះណាស់។ ទ្រង់ពិតជាបានផ្ទៀងព្រះកាណ៌ស្តាប់ និងឆ្លើយតបសេចក្តីអធិដ្ឋានមែន!»។
ស្ត្រីអាជីវករម្នាក់នៅក្នុងទីក្រុងបាងកក
នាងស៊ូឈិន គឺជាស្ត្រីអាជីវករដ៏ជោគជ័យម្នាក់នៅក្នុងទីក្រុងបាងកក ដែលត្រូវបានឡើងតំណែងភ្លាមៗនៅក្នុងក្រុមហ៊ុនរបស់នាង។ ប៉ុន្តែ មិនមែនគ្រប់យ៉ាងសុទ្ធតែល្អប្រសើរទាំងអស់នោះទេ។ នាង និងសង្សាររបស់នាង ដែលនាងធ្លាប់តែគិតថា នឹងរៀបការជាមួយនោះ ទើបតែដើរចេញពីនាង។ ឥឡូវនេះ នាងកំពុងតែខូចចិត្តតែម្នាក់ឯង។
ជាច្រើនសប្តាហ៍បានកន្លងផុតទៅ ពិភពលោកបានប្រែក្លាយជាងងឹតសូន្យសុង។ នាងស៊ូឈិនបានចាប់ផ្តើមសង្កេតឃើញថា មានព័ត៌មានពីហេតុការណ៍អាក្រក់ៗកើតឡើងជាបន្តបន្ទាប់។ សូម្បីតែទំនុកចម្រៀង និងភាពយន្តក៏បានផ្តោតទៅលើរឿងអាក្រក់ៗនៅក្នុងជីវិតផងដែរ។ នាងបានសន្និដ្ឋានថា ប្រាកដជាមានអ្នកណាម្នាក់នៅពីក្រោយរឿងអាក្រក់ៗទាំងនេះហើយ។ ចុះចំណែកឯរឿងល្អៗនៅក្នុងពិភពលោកនេះវិញនោះ? តើមានអ្នកនៅពីក្រោយរឿងល្អៗទាំងនេះដែរឬទេ? នាងមិនបានដឹងឡើយ។
យប់មួយ នាងស៊ូឈិនបានភ្ញាក់ឡើង ដោយមានអាម្មណ៍ថា មានអ្វីមួយនៅក្នុងបន្ទប់របស់នាង។ ដំបូងឡើយ នាងបានគិតថា នាងកំពុងតែយល់សប្តិ ប៉ុន្តែ នៅពេលដែលនាងបានក្រឡេកមើលម្តងទៀតនោះ នាងបានឃើញមនុស្សម្នាក់កំពុងតែឈរនៅចុងជើងគ្រែរបស់នាង។ គួរឲ្យភ្ញាក់ផ្អើលណាស់ ដែលនាងគ្មានអារម្មណ៍ភ័យខ្លាចទាល់តែសោះ។ នាងបានសម្លឹងមើលទៅឯព្រះភ័ក្រ្តដ៏សប្បុរស ហើយបានដឹងថា ទ្រង់គឺជាបុគ្គលដ៏ល្អម្នាក់។ ក្រោយពីដឹងច្បាស់នៅក្នុងចិត្តហើយ នាងក៏បានបិទភ្នែក ហើយលង់លក់បាត់ទៅ។
នៅថ្ងៃបន្ទាប់ នាងស៊ូឈិនបានគិតអំពីភ្ញៀវដែលបានមកលេងនាងកាលពីយប់មិញនោះ នាងបានជឿថា ម្នាក់ដែលនាងបានឃើញនោះគឺជាព្រះយេស៊ូវ។ នាងមានអារម្មណ៍ថា ទ្រង់បានជ្រាបអំពីភាពអស់សង្ឃឹមរបស់នាង ហើយទ្រង់ក៏បានយាងមកជួយដល់នាងផងដែរ។ នាងមានចិត្តឆេះឆួលចង់ទៅឯព្រះវិហារគ្រីស្ទានជាខ្លាំង ដោយមិនដឹងថា នាងត្រូវរៀនអំពីទ្រង់បន្ថែមទៀត នៅកន្លែងណានោះឡើយ។ ខណៈពេលដែលនាងសិក្សាព្រះគម្ពីរនៅទីនោះ នាងបានរៀនអំពីព្រះយេស៊ូវ និងរបៀបក្នុងការស្វែងរកទ្រង់។ នាងស៊ូឈិនបានដឹងថា នាងនឹងមិននៅឯកាតែម្នាក់ឯងទៀតឡើយ។
ឪពុកដ៏អស់សង្ឃឹមម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី
លោកឆេងបានផ្អៀងចុះផ្អៀងឡើង នៅលើកៅអីឡាន ដែលគាត់បានគេងពីរបីយប់មកហើយ។ គាត់ត្រូវនៅក្បែរកូនប្រុសរបស់គាត់ ដែលគេងនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែ អគារសង្គ្រោះបន្ទាន់បានអនុញ្ញាតឲ្យមានអ្នកកំដរតែម្នាក់ប៉ុណ្ណោះ នៅក្នុងបន្ទប់អ្នកជំងឺ។
តើហេតុអ្វីបានជាកូនប្រុសតូចរបស់គាត់មានជំងឺបេះដូងមកបៀតបៀនជីវិតយ៉ាងដូច្នេះ? តើគាត់អាចស្លាប់ដែរឬទេ? គាត់ពុំអាចឈប់គិត អំពីជីវិតដែលគ្មានកូនប្រុសតែមួយរបស់គាត់នោះបានឡើយ! ទឹកភ្នែកក៏ចាប់ផ្តើមហូរនៅលើផ្ទៃមុខរបស់លោកឆេង។ គាត់មានអារម្មណ៍អស់សង្ឃឹមជាខ្លាំង។ ការបន់ស្រន់ដល់ពួកអ្នកតា និងនៅតាមវត្ត ក៏មិនអាចជួយអ្វីបានដែរ។ ឥឡូវនេះ គ្រូពេទ្យវះកាត់បានប្រាប់គាត់ថា ស្ថានភាពជំងឺបេះដូងនៃកូនប្រុសរបស់គាត់នោះ មិនអាចព្យាបាលបានឡើយ ទោះបីជាបានវះកាត់ហើយក៏ដោយ។
នៅពេលដែលគាត់ក្រឡេកមើលទៅឯកៅអីដែលនៅជាប់នឹងគាត់នោះ ភ្នែករបស់លោកឆេងបានប្រទះឃើញក្រដាសខិត្តប័ណ្ណតូចមួយ ដែលគ្រីស្ទានម្នាក់បានឱ្យដល់គាត់កាលពីប៉ុន្មានថ្ងៃមុន។ លោកឆេងបានបើកភ្លើង ហើយចាប់ផ្តើមអានខិត្តប័ណ្ណនោះ ដោយមិនបានគិតអំពីអ្វីឡើយ។ ខិត្តប័ណ្ណតូចនោះបានពិពណ៌នាអំពីព្រះអម្ចាស់ដែលបានបង្កើតផែនដីនេះ គឺជាព្រះដែលបានស្រឡាញ់យើង និងចង់ឱ្យយើងថ្វាយសេចក្តីត្រូវការរបស់យើងទៅឯទ្រង់។
លោកឆេងបានគិតអំពីអ្វីដែលគាត់បានអាននេះ។ គាត់ពុំអាចធ្វើអ្វីបានឡើយ។ តើព្រះអង្គនេះអាចជួយបានដែរឬទេ? «ឱព្រះអម្ចាស់ ប្រសិនបើទ្រង់មានពិត ទូលបង្គំសូមព្រះអង្គ តែម្យ៉ាងប៉ុណ្ណោះ។ សូមទ្រង់ព្យាបាលកូនប្រុសទូលបង្គំផង! ប្រសិនបើព្រះអង្គឆ្លើយតបនឹងសំណូមពររបស់ទូលបង្គំនោះ ទូលបង្គំនឹងជឿដល់ទ្រង់ ព្រមទាំងដើរតាមទ្រង់ផង»។
លោកឆេងបានដើរចូលទៅក្នុងមន្ទីរពេទ្យនៅពេលព្រឹកថ្ងៃបន្ទាប់។ លោកគ្រូពេទ្យ និងគិលានុប្បដ្ឋាយិកាជាច្រើននាក់កំពុងចោមរោមនៅជុំវិញគ្រែកូនប្រុសរបស់គាត់។ ពួកគេកំពុងតែញញឹម និងមើលទៅកាន់អេក្រង់ម៉ាស៊ីនវាស់ស្ទង់ ដោយក្តីរំភើប។ ក្មេងប្រុសនេះបានជាហើយ!
ឥឡូវនេះ ដល់វេនរបស់លោកអ្នកវិញម្តង
តើលោកអ្នកកំពុងតែមានបញ្ហាជាមួយនឹងការងារ ឬការសិក្សាដែរឬទេ? តើលោកអ្នកកំពុងមានទំនាស់ជាមួយនឹងមនុស្សនៅក្បែរលោកអ្នកដែរឬទេ? តើលោកអ្នកកំពុងមានជំងឺ ឬភ័យខ្លាចដែរឬទេ? តើលោកអ្នកកំពុងតែឯកាដែរឬទេ? តើលោកអ្នកគ្មានអំណាចនឹងយកឈ្នះលើការញៀន ឬភាពកម្សោយនៅក្នុងជីវិតរបស់លោកអ្នកដែរឬទេ?
ព្រះយេស៊ូវអាចជួយដល់លោកអ្នកបាន!
ទ្រង់បានមានបន្ទូលថា «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក» (ម៉ាថាយ ១១៖២៨)។
លោកអ្នកប្រហែលជាមិនទាន់យល់ច្បាស់ថា ព្រះយេស៊ូវជាអ្នកណានៅឡើយទេ។ លោកអ្នកអាចនឹងឆ្ងល់ថា ទ្រង់មានពិតដែរឬទេ។ ប៉ុន្តែ លោកអ្នកអាចប្រាកដបានថា ប្រសិនបើលោកអ្នកចង់ដឹងសេចក្តីពិតដោយអស់ពីចិត្ត និងពិតជាប្រាថ្នាចង់បានជំនួយមែននោះ ព្រះយេស៊ូវនឹងជួយដល់លោកអ្នក។
សូមលោកអ្នកអធិដ្ឋានយ៉ាងសាមញ្ញថា «ឱព្រះយេស៊ូវអើយ ទូលបង្គំចង់ជឿថា ទ្រង់មានពិតមែន ហើយទ្រង់ក៏អាចនឹងជួយដល់ទូលបង្គំបានដែរ។ សូមទ្រង់បង្ហាញទូលបង្គំថា ទ្រង់មានពិត ហើយជួយដល់ទូលបង្គំជាមួយនឹង . . . (សូមបំពេញក្នុងប្រឡោះទំនេរ). . . . នៅពេលនេះ ទូលបង្គំត្រូវការព្រះមួយអង្គដូចជាទ្រង់នេះឯង»។
ព្រះយេស៊ូវប្រាកដជាជួយដល់លោកអ្នកជាមិនខាន។ នៅពេលដែលទ្រង់ជួយដល់លោកអ្នកហើយ សូមលោកអ្នកប្រាប់អ្នកដទៃអំពីទ្រង់ផង។
ប្រសិនបើលោកអ្នកចង់ដឹងអំពីអំណាចរបស់ព្រះយេស៊ូវបន្ថែមទៀតនោះ សូមទាក់ទងមកកាន់យើងខ្ញុំតាមព័ត៌មាននៃខ្នងក្រដាសនេះ។
Copyright © 2023 by Sharing Hope Publications. លោកអ្នកអាចបោះពុម្ពផ្សាយកិច្ចការនេះបាន និងចែកចាយសម្រាប់គោលបំណងដែលមិនរកកម្រៃ ដោយមិនចាំបាច់មានការអនុញ្ញាត។ ខគម្ពីរត្រូវបានដកស្រង់ចេញពី ព្រះគម្ពីរបរិសុទ្ធ (ពគប) ឆ្នាំ១៩៥៤។សូមចុះឈ្មោះដើម្បីបានទទួលព្រឹត្តិប័ត្រព័ត៌មានរបស់យើង
ក្លាយជាមនុស្សដំបូងដើម្បីបានដឹងថាពេលណាការបោះពុម្ពផ្សាយថ្មីៗបានរួចរាល់

រកមើលអ្នកអានរបស់លោកអ្នក
ការបោះពុម្ពផ្សាយពិសេសៗទាំងឡាយ
© 2023 Sharing Hope Publications