
អនាគតដ៏ល្អប្រសើរ
សេចក្តីសង្ខេប
មានរឿងរ៉ាវអាក្រក់ៗកំពុងកើតឡើងនៅក្នុងពិភពលោកនេះហើយ។ មនុស្សទាំងឡាយបានរងទុក្ខវេទនា និងស្លាប់ជាបន្តបន្ទាប់។ ប៉ុន្តែមានសេចក្តីសង្ឃឹមសម្រាប់អនាគតហើយ! ព្រះគម្ពីរ ដែលជាគម្ពីរបរិសុទ្ធរបស់គ្រីស្ទានចែងថា ព្រះយេស៊ូវនឹងយាងមកវិញដើម្បីយកមនុស្សណាដែលស្រឡាញ់ព្រះអង្គទៅកាន់ស្ថានដែលប្រសើរជាងនេះ។ នៅទីនោះ នឹងគ្មាននរណាម្នាក់ឈឺ ឬរងទុក្ខវេទនាទៀតឡើយ។ មនុស្សគ្រប់គ្នានឹងរស់នៅក្នុងសេចក្តីសុខសាន្ត និងសុខដុមជារៀងរហូតតទៅ។ ខិត្តបណ្ណនេះប្រាប់យើងរាល់គ្នាអំពីរបៀបអ្នករាល់គ្នាអាចមានចំណែកនៃអនាគតដ៏ស្រស់បំព្រងដែលព្រះជាម្ចាស់បានបម្រុងទុករួចរាល់ហើយ!
ប្រភេទ
ខិត្តបណ្ណ
រោងពុម្ព
Sharing Hope Publications
មាននៅក្នុង
12 ភាសា
ទំព័រ
6
លោកលីបានចាប់ដៃកូនស្រីតូចៗទាំងពីររបស់គាត់យ៉ាងជាប់ ខណៈពេលដែលពួកគេកំពុងតែដើរឆ្លងកាត់ផ្សារទំនើប។ «ប្រយ័ត្នណា» គាត់បានតឿនកូនៗដោយក្តីបារម្ភ។ «នៅជិតប៉ានេះហើយ»។ គាត់បានមើលឆ្វេងមើលស្តាំយ៉ាងប្រុងប្រយ័ត្ន។ គាត់មិនដែលដើរផ្សារបែបនេះពីមុននោះទេ។ ហើយគាត់ក៏មិនធ្លាប់មើលថែកូនៗរបស់គាត់ ដោយខ្លួនឯងនោះដែរ។
ទម្រាំតែលោកលីអាចទិញអាហារខ្លះ និងនាំកូនស្រីរបស់លោកឡើងឡានក្រុងវិញនោះ គាត់មានអារម្មណ៍ថា ហត់នឿយខ្លាំងណាស់។ គាត់បាននឹកដល់ភរិយារបស់គាត់ដែលបានស្លាប់កាលពីប៉ុន្មានសប្តាហ៍មុន។ គាត់បាននឹកដល់មុខដែលធ្លាប់ញញឹមរបស់នាង។ គាត់បាននឹកដល់អាហារដែលនាងធ្លាប់ចម្អិន និងរបៀបដែលនាងមើលថែកូនៗ។ គាត់មិនដែលរំពឹងថា ជីវិតរបស់ពួកគេនឹងត្រូវជួបសោកនាដកម្មបែបនេះនោះឡើយ។
ហេតុអ្វីបានជាគាត់ត្រូវជួបនឹងការលំបាកខ្លាំងម៉្លេះ? ហេតុអ្វីបានជាកូនៗរបស់គាត់ត្រូវជួបនឹងការលំបាកបែបនេះដែរ? តើនេះគឺជារឿងល្អបំផុតដែលគាត់អាចរំពឹងទុកសម្រាប់អនាគតដែរឬទេ?
សេចក្តីសង្ឃឹមសម្រាប់អនាគត
ពេលវេលាបានកន្លងទៅ លោកលីបានឆ្ងល់ថា តើមានសាសនាដែលអាចជួយឱ្យគាត់រកឃើញអនាគតប្រសើរជាងនេះដែរឬទេ។ ប៉ុន្តែ គាត់បានទទួលស្គាល់ថា សាសនាទាំងអស់សុទ្ធតែផ្តល់ដំណោះស្រាយផ្សេងៗគ្នា ហើយដំណោះស្រាយនៃសាសនាទាំងនោះក៏មិនល្អទាំងអស់ដែរ។ តើគាត់អាចរកឃើញចម្លើយតបទៅនឹងការបាត់បង់របស់គាត់នៅទីណា? តើគ្មានសេចក្តីសង្ឃឹមដែលថា គាត់អាចនឹងជួបជុំជាមួយនឹងភរិយារបស់គាត់ម្តងទៀតទេឬអី? តើទុក្ខលំបាកដ៏គ្មានទីបញ្ចប់នេះនឹងត្រូវបានដោះស្រាយដែរឬទេ?
ទស្សនវិទូខ្លះបានបង្រៀនថា ពិភពលោកនេះនឹងកាន់តែប្រសើរឡើងជាលំដាប់ ប៉ុន្តែ លោកលីបានមើលឃើញផ្ទុយពីទស្សនៈនេះ។ សាសនាដទៃទៀតបានផ្តល់នូវផែនការគេចចេញពីទុក្ខលំបាកមួយបែប។ ពួកគេបានយល់ឃើញថាពិភពលោកនេះនឹងត្រូវវិនាសជារៀងរហូត ហើយពួកគេបានបង្រៀនថា ព្រះអម្ចាស់ទ្រង់នឹងសង្គ្រោះមនុស្សល្អៗ នៅពេលដែលពួកគេស្លាប់ទៅ ព្រមទាំងយកពួកគេទៅស្ថានសួគ៌ផង។ អ្នកខ្លះបានផ្តោតទៅលើរឿងនិព្វាន ដែលជាគោលគំនិតស្តីអំពីលក្ខណៈអចិន្ត្រៃយ៍មួយដែលមិនអាចពណ៌នាបាន។ ប៉ុន្តែ ស្តាប់ទៅហាក់ដូចជាមិនសូវប្រាកដសោះ។ លោកលីចង់ដឹងថា តើទស្សនៈមួយណាដែលល្អជាងគេបំផុត។
ដំណោះស្រាយតាមបែបគ្រីស្ទាន
លោកលីបានចាប់ផ្តើមនិយាយជាមួយនឹងអ្នកជិតខាងម្នាក់ ដែលជាគ្រីស្ទាន។ មិនយូរប៉ុន្មាន គាត់បានដឹងថា ព្រះគម្ពីរដែលជាសំណេរបរិសុទ្ធរបស់គ្រីស្ទាន បានបង្រៀនថា ពិភពលោកនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃបញ្ហា ពីព្រោះយើងរាល់គ្នាបានបះបោរប្រឆាំងនឹងព្រះអាទិកររបស់យើង (លោកុប្បត្តិ ៦៖៥)។ ប៉ុន្តែ ព្រះអាទិករបានសន្យាថា នឹងធ្វើឱ្យផែនដីនេះថ្មីឡើងវិញ ក្នុងសណ្ឋានដ៏គ្រប់លក្ខណ៍មួយ ដូចកាលពីដើមយ៉ាងដូច្នោះដែរ (វិវរណៈ ២១៖១)។ អស់អ្នកណាដែលបានអនុញ្ញាតឱ្យព្រះអម្ចាស់ព្យាបាលចិត្តគំនិតអាត្មានិយមរបស់ពួកគេ អ្នកទាំងនោះនឹងត្រូវបានស្វាគមន៍ឱ្យចូលទៅក្នុងផែនដីថ្មី។
ព្រះគម្ពីរចែងថា ព្រះអម្ចាស់ដ៏ជាព្រះអាទិករ ទ្រង់នឹង «ជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ» (វិវរណៈ ២១៖៤)។ សេចក្តីវេទនានឹងលែងមានជារៀងរហូត!
«ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន គ្រានោះ ពួកមនុស្សខ្វិននឹងលោត. . . ហើយអណ្តាតរបស់មនុស្សគនឹងច្រៀងឡើង» (អេសាយ ៣៥៖៥–៦)។ ភាពមិនល្អឥតខ្ចោះខាងឯរូបកាយនឹងលែងមានទៀតហើយ!
ពិភពធម្មជាតិក៏នឹងត្រូវបានស្តារឡើងវិញផងដែរ។ «ឯឆ្កែព្រៃ និងកូនចៀមវានឹងរកស៊ីជាមួយគ្នា ហើយសិង្ហនឹងស៊ីចំបើងដូចជាគោ» (អេសាយ ៦៥៖២៥)។
តើរឿងនេះនឹងកើតឡើងយ៉ាងដូចម្តេចទៅបាន? ព្រះគម្ពីរចែងថា ព្រះអម្ចាស់ទ្រង់នឹងយាងមកយ៉ាងគួរឲ្យភ្ញាក់ផ្អើល (ម៉ាថាយ ២៤៖៣៦–៤២) ប៉ុន្តែ គ្មាននរណាម្នាក់នឹងមិនដឹងអំពីការនេះឡើយ ពីព្រោះ «ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់» (វិវរណៈ ១៖៧)។ នឹងមានផ្លេកបន្ទោរ និងផ្គរលាន់ ហើយផែនដី និងកក្រើកឡើង (ម៉ាថាយ ២៤៖២៧, វិវរណៈ ១៦៖១៧–២១)។
ត្រែនឹងត្រូវបានបន្លឺឡើងយ៉ាងខ្លាំង។ អ្នកដែលបានស្លាប់ទៅ ដោយជឿទៅលើសេចក្តីសន្យារបស់ព្រះអាទិករនឹងត្រូវបានប្រោសឱ្យមានជីវិតឡើងវិញ។ ពួកគេនឹងត្រូវ «បានលើកឡើង...ទៅក្នុងពពក ដើម្បីឱ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស» ជាមួយនឹងពួកអ្នកជឿ ដែលកំពុងតែនៅរស់ (ថែស្សាឡូនីច ៤៖៧)។ ការជួបជុំអ្វីក៏រីករាយម៉្លេះ!
ខណៈដែលព្រះអម្ចាស់ចង់ឱ្យមនុស្សគ្រប់គ្នារស់នៅលើផែនដីថ្មីនេះ មនុស្សទុច្ចរិតក៏នឹងត្រូវបានបំផ្លាញចោលដែរ នៅទីបញ្ចប់ (ពេត្រុសទី២ ៣៖៩–១១)។ បន្ទាប់មកទៀត ទ្រង់នឹងធ្វើឱ្យពិភពលោកនេះក្លាយជាថ្មីឡើងវិញ ព្រមទាំងស្វាគមន៍យើងឱ្យចូលទៅក្នុងលំនៅថ្មីរបស់យើង ដែលគ្មានការបំពុលបរិដ្ឋាន គ្មានសេចក្តីវេទនា និងគ្មានសេចក្តីស្លាប់ទៀតឡើយ។
សូមស្រមៃមើលអំពីពិភពលោកដែលបានបង្កើតជាថ្មីនេះចុះ!
ខណៈពេលដែលលោកលីកំពុងតែអានព្រះគម្ពីរនោះ គាត់បាននឹកស្រមៃឃើញទិដ្ឋភាពដែលព្រះគម្ពីរបានពណ៌នា។ គាត់បានស្រមៃដើរនៅលើកម្រាលព្រំស្មៅដ៏ត្រជាក់ជាមួយនឹងភរិយារបស់គាត់ ដែលបានរស់ពីស្លាប់ឡើងវិញ។ ពួកគេអាចញ៉ាំអាហារជុំគ្នានៅក្បែរមាត់ជ្រោះ ខណៈដែលកូនស្រីទាំងពីររបស់ពួកគេកំពុងតែប្រឡែងលេងជាមួយនឹងខ្លាដ៏អស្ចារ្យមួយក្បាល។
ពួកគេបានចូលរួមនៅក្នុងការធ្វើដំណើរដ៏អស្ចារ្យមួយ ឆ្ពោះទៅកាន់ទីក្រុង ដែលមានព្រះអាទិករគង់នៅលើបល្ល័ង្ក មួយសប្តាហ៍ម្តង (អេសាយ ៦៦៖២២–២៣)។ ពួកគេនឹងដើរតាមផ្លូវដែលធ្វើពីមាស ចិត្តរបស់ពួកគេនឹងផុសឡើងដោយសេចក្តីអំណរ និងសេចក្តីស្រឡាញ់ចំពោះព្រះអាទិករ។ ពួកគេនឹងច្រៀងសរសើរព្រះអម្ចាស់ជាមួយនឹងគ្នា។
គ្មាននរណាម្នាក់នឹងត្រូវចាស់ ឈឺ ឬស្លាប់នោះឡើយ។ សេចក្តីអំណរ និងសេចក្តីស្រឡាញ់នឹងមានពេញជាបរិបូរ!
ល្អពេក មិនគួរឱ្យជឿមែនទេ?
លោកលីចូលចិត្តនូវអ្វីដែលគាត់បានអាននៅក្នុងព្រះគម្ពីរគ្រីស្ទាន។ ជួនកាល រឿងនេះហាក់ដូចជាល្អពេក សឹងតែមិនអាចជឿបាន ហើយអ្វីដែលគាត់អាចធ្វើបានមានតែបន្លឺចេញជាសេចក្តីអធិដ្ឋាននៃការអរព្រះគុណតែប៉ុណ្ណោះ។ ជីវិតក្នុងនាមជាឪពុកទោលពុំមែនជារឿងងាយស្រួលឡើយ ប៉ុន្តែឥឡូវនេះ គាត់មានសេចក្តីសុខសាន្ត និងសេចក្តីសង្ឃឹមសម្រាប់អនាគតហើយ!
សេចក្តីវេទនាគឺជារឿងធម្មតាសម្រាប់មនុស្សលោកទាំងអស់។ ការផ្តេកផ្តួល និងផ្តោតទៅលើបញ្ហាទាំងឡាយគឹជារឿងងាយ។ ប៉ុន្តែ មានដំណឹងល្អមួយ! ព្រះគម្ពីរគឺជាសៀវភៅមួយក្បាលដែលបានបកស្រាយមិនត្រឹមតែអំពីដើមកំណើតនៃពិភពលោកនេះប៉ុណ្ណោះឡើយ ប៉ុន្តែ ព្រះគម្ពីរក៏បានបកស្រាយអំពីជោគវាសនាចុងក្រោយនៃពិភពលោករបស់យើងនេះផងដែរ ពោលគឺជាជោគវាសនាដ៏ស្រស់បំព្រងដែលពាក់ព័ន្ធជាមួយនឹងលោកអ្នក ហើយនិងខ្ញុំ។ រឿងនេះក៏អាចរាប់បញ្ចូលទាំងមនុស្សជាទីស្រឡាញ់របស់យើងទាំងអម្បាលម៉ានផងដែរ!
ចុះលោកអ្នកវិញ?
តើលោកអ្នកចង់ស្វែងយល់អំពីលទ្ធភាពដែលថា ព្រះអម្ចាស់មានអនាគតដ៏ស្រស់បំព្រងមួយសម្រាប់លោកអ្នកដែរឬទេ? តើលោកអ្នកចង់ដឹងអំពីរបៀបដែលទ្រង់អាចព្យាបាលការឈឺចាប់របស់លោកអ្នកដែរឬទេ? ប្រសិនបើដូច្នោះមែន សូមអធិដ្ឋានយ៉ាងដូច្នេះថា៖
ឱព្រះអាទិករអើយ ទូលបង្គំចង់ជឿថា ព្រះអង្គអាចស្តារពិភពលោកនេះឱ្យមានលក្ខណៈល្អដូចដើមឡើងវិញបាន ប៉ុន្តែ វាហាក់ដូចជាមិនគួរឱ្យជឿទាល់តែសោះ។ សូមទ្រង់ជួយឱ្យទូលបង្គំបានដឹងផង ប្រសិនបើព្រះអង្គមានមែនពិត ព្រមទាំងជួយឱ្យទូលបង្គំបានយល់អំពីអ្វីដែលជាផែនការរបស់ទ្រង់សម្រាប់ទូលបង្គំផង។
ប្រសិនបើលោកអ្នកចង់រៀនបន្ថែមទៀតនោះ សូមទំនាក់ទំនងមកកាន់យើងខ្ញុំ តាមព័ត៌មានដែលបានជម្រាបជូននៅលើខ្នងក្រដាសនេះ។
Copyright © 2023 by Sharing Hope Publications. លោកអ្នកអាចបោះពុម្ពផ្សាយកិច្ចការនេះបាន និងចែកចាយសម្រាប់គោលបំណងដែលមិនរកកម្រៃ ដោយមិនចាំបាច់មានការអនុញ្ញាត។ ខគម្ពីរត្រូវបានដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ (ពគប) ឆ្នាំ១៩៥៤។សូមចុះឈ្មោះដើម្បីបានទទួលព្រឹត្តិប័ត្រព័ត៌មានរបស់យើង
ក្លាយជាមនុស្សដំបូងដើម្បីបានដឹងថាពេលណាការបោះពុម្ពផ្សាយថ្មីៗបានរួចរាល់

រកមើលអ្នកអានរបស់លោកអ្នក
ការបោះពុម្ពផ្សាយពិសេសៗទាំងឡាយ
© 2023 Sharing Hope Publications