ការយកឈ្នះលើកំហឹង

ការយកឈ្នះលើកំហឹង

សេចក្តីសង្ខេប

មនុស្សគ្រប់ៗគ្នាសុទ្ធតែមានបទពិសោធន៍អំពីកំហឹង ប៉ុន្តែប្រសិនបើយើងនៅតែចាប់តោងកំហឹងរបស់យើង វាអាចបំផ្លាញយើងរាល់គ្នាបាន។ ខិត្តបណ្ណនេះប្រាប់អំពីរឿងរបស់បុរសម្នាក់ដែលជីវិតរបស់គាត់ត្រូវបានផ្លាស់ប្តូរដោយសារតែការរៀនអំពីរបៀបដែលព្រះយេស៊ូវអត់ទោសដល់អ្នកដទៃ សូម្បីតែមនុស្សដែលបានសម្លាប់ទ្រង់ផងដែរ។ ប្រសិនបើយើងរាល់គ្នាដើរតាមព្រះយេស៊ូវ ទ្រង់នឹងផ្លាស់ប្តូរយើងរាល់គ្នា និងធ្វើឲ្យយើងរាល់គ្នាដូចជាទ្រង់ដែរ។ ទ្រង់នឹងដកយកកំហឹងនិងសេចក្តីជូរចិត្តរបស់យើងរាល់គ្នាចេញដើម្បីឲ្យជីវិតរបស់យើងរាល់គ្នាថ្វាយសិរីល្អដល់ព្រះជាម្ចាស់។

ដោនឡូដ

ម្តាយក្មេករបស់លោកដារ៉ាបានទទូចថា «នាងនឹងសម្រាលកូនយ៉ាងរលូន ដូចដែលយើងបានធ្វើជារៀងរាល់ដង នៅក្នុងភូមិរបស់យើងអ៊ីចឹងដែរ។ មិនបាច់ទាល់តែទៅមន្ទីរពេទ្យថ្លៃៗនោះទេ»។

លោកដារ៉ានៅតែព្រួយបារម្ភ។ ភរិយារបស់គាត់មិនសូវរឹងមាំទេ ម្ល៉ោះហើយ គាត់ចង់ឱ្យនាងបាននៅក្បែរគ្រូពេទ្យជំនាញ។ គាត់បានរអ៊ូថា «ប្រកែកជាមួយម៉ាក់ក្មេក គ្មានប្រយោជន៍ទាល់តែសោះ»។

នៅពេលដែលភរិយារបស់គាត់ដល់ពេលសម្រាលកូននោះ លោកដារ៉ាបានរង់ចាំនៅខាងក្រៅខ្ទម។ សម្រែកឈឺចាប់របស់នាងបានបន្លឺកាន់តែខ្លាំងឡើងៗ បន្ទាប់មកក៏ប្រែជាស្ងប់ស្ងាត់ទៅ។ ទីបំផុត ម្តាយក្មេករបស់គាត់បានចេញមកក្រៅ។ កាលដែលក្រឡេកមើលទឹកមុខរបស់នាងហើយ គ្រប់គ្នាបានដឹងថា ភរិយា និងកូនសំណព្វរបស់លោកដារ៉ាបានស្លាប់បាត់ទៅហើយ។ ក្តីសុបិន និងក្តីអំណររបស់គាត់ទាំងអស់ក៏បានស្លាប់ជាមួយនឹងពួកគាត់ផងដែរ។

ការតក់ស្លុកបានបើកឱកាសឱ្យកំហឹងជ្រាបចូលបន្តិចម្តងៗ។ ចិត្តរបស់លោកដារ៉ាបានស្រែកឡើងថា «ប្រសិនបើម្តាយរបស់នាងមិនរឹងចចេស ហើយពួកគាត់បានទៅមន្ទីរពេទ្យវិញនោះ រឿងគ្រប់យ៉ាងមិនទៅជាអ៊ីចឹងឡើយ»។ 

លោកដារ៉ាត្រូវតែគេចចេញពីម្តាយក្មេកម្នាក់នេះដែលបានបំផ្លាញជីវិតរបស់គាត់។ គាត់បានប្រមូលអីវ៉ាន់របស់គាត់ ចាកចេញទៅ ដោយមិនបានជម្រាបលាម្តាយក្មេកមួយម៉ាត់ឡើយ។ 

ការរត់គេចចេញពីកំហឹង

លោកដារ៉ាបានធ្វើដំណើរទៅស្នាក់នៅជាមួយនឹងនាងម៉ាលី ដែលជាប្អូនស្រីរបស់គាត់ និងលោកត្រាយ​ ដែលជាប្តីរបស់នាង នៅឯទីក្រុង។ យប់នោះ គាត់បានគេងតែម្នាក់ឯង ហើយបានភ្ញាក់ជាច្រើនដង។ កំហឹងបានតាមគាត់ជាប់ ប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណយ៉ាងដូច្នោះដែរ។ គាត់គិតអ្វីមិនចេញឡើយ។ 

សំណាងល្អ លោកដារ៉ាបានស្ងប់ចិត្តមួយរយៈខ្លី នៅពេលដែលគាត់នៅជាមួយនឹងគ្រួសារប្អូនស្រីរបស់គាត់នៅពេលល្ងាចៗ។ បន្ទាប់ពីបានបរិភោគជាមួយនឹងគ្នារួចរាល់ហើយ ពួកគេបានច្រៀងចម្រៀងពីរោះៗ បន្ទាប់មក លោកត្រាយបានដំណាលរឿងផ្សេងៗ។ រឿងទាំងនោះគឺខុសប្លែកពីរឿងនិទានទាំងឡាយ ដែលលោកដារ៉ាធ្លាប់ឮកាលពីកុមារភាព។ រឿងទាំងនោះគឺដកស្រង់ចេញពីព្រះគម្ពីរ ដែលជាសៀវភៅដ៏បរិសុទ្ធរបស់គ្រីស្ទាន។ លោកដារ៉ាមិនដែលឮរឿងព្រះនៃសេចក្តីស្រឡាញ់ ដែលទ្រង់បានបង្កើតពិភពលោកនេះ ក៏ដូចជាស្ថានសួគ៌ដែលពោរពេញទៅដោយសេចក្តីសុខសាន្តយ៉ាងគ្រប់លក្ខណ៍នេះពីមុនមកនោះឡើយ។ គាត់បានដឹងអំពីរបៀបដែលមនុស្សលោកដំបូងបានបះបោរទាស់នឹងព្រះអាទិកររបស់ខ្លួន ដោយបានគិតថា ពួកគេនឹងមានសេចក្តីសុខសាន្តប្រសើរជាងនេះ ប្រសិនបើពួកគេដើរតាមផ្លូវរបស់ពួកគេរៀងៗខ្លួន។ ការសម្រេចចិត្តរបស់ពួកគេបាននាំមកនូវសេចក្តីអាក្រក់ សេចក្តីវេទនា និងសេចក្តីស្លាប់ក្នុងពិភពលោកដ៏គ្រប់លក្ខណ៍នេះ។

ថ្ងៃមួយ លោកដារ៉ាបានប្រាប់លោកត្រាយអំពីកំហឹងរបស់គាត់ចំពោះម្តាយក្មេក។ គាត់បានបកស្រាយថា គាត់មានការឈឺចាប់លាយឡំជាមួយនឹងគំនុំ និងការបាក់ទឹកចិត្តជាខ្លាំង។ លោកត្រាយបានស្តាប់យ៉ាងស្ងប់ស្ងាត់។ ទីបំផុត គាត់ក៏និយាយថា «បងដារ៉ាអើយ ខ្ញុំយល់ហើយ។ ខ្ញុំក៏ធ្លាប់ឆ្លងកាត់រឿងអាក្រក់ៗជាច្រើនក្នុងសង្គ្រាមដែរ។ ប៉ុន្តែ ខ្ញុំបានរកឃើញសេចក្តីសុខសាន្តវិញ។ កំហឹងដែលបងមានមិនអាចធ្វើឱ្យគ្រួសាររបស់បងត្រឡប់មកវិញបានឡើយ។ វាប្រៀបដូចជាការឱបគ្រាប់បែកដាក់លើដើមទ្រូងរបស់បងអ៊ីចឹងដែរ។ វានឹងបំផ្លាញបងជាមិនខាន!»។

លោកដារ៉ាក៏ឱនមុខជ្រប់។ គាត់បានទ្រហោយំថា «តើបងគួរធ្វើម៉េចទៅ បងគិតមិនចេញទេ។ បងធ្លាប់តែស្រឡាញ់ឪពុកម្តាយក្មេករបស់បង ប៉ុន្តែ ឥឡូវនេះ បងស្អប់ពួកគាត់មែនទែន។ បងមិនអាចអត់ទោសឱ្យពួកគាត់បានឡើយ»។

គ្រាប់មីននៃសេចក្តីសម្អប់

លោកត្រាយបានងក់ក្បាល។ «ក្នុងសភាពជាមនុស្សលោកនេះ យើងមិនអាចធ្វើរឿងនេះបានឡើយ។ ប៉ុន្តែ ព្រះអាទិកររបស់យើងអាចជួយដល់បងបាន»។ 

«ព្រះមែនទេ?» លោកដារ៉ាបានសួរ។ «បងបានស្តាប់រឿងរបស់ប្អូន ប៉ុន្តែ តើធ្វើដូចម្តេច ដើម្បីឱ្យដឹងថា រឿងទាំងនោះជារឿងពិត? ម៉្យាងទៀតនោះ តើព្រះអាចជួយអ្វីបាន?»

លោកត្រាយបានញញឹម។ «បងបានរៀនពីព្រះគម្ពីរ អំពីរបៀបដែលមនុស្សលោកបានធ្វើអោយពិភពលោកដ៏គ្រប់លក្ខណ៍នេះច្របូកច្របល់រួចមកហើយ។ ព្រះអម្ចាស់ទ្រង់អាចនឹងក្រោធចំពោះពួកគេបាន ប៉ុន្តែ ទ្រង់មិនបានធ្វើដូច្នោះទេ។ ផ្ទុយទៅវិញ ទ្រង់បានស្រឡាញ់ពួកគេ និងបានប្រទាននូវផែនការមួយ ដើម្បីស្តារពួកគេ និងភពផែនដីនេះឡើងវិញទៀតផង។ លើសពីនេះទៅទៀតនោះ ព្រះក៏អាចជួយដល់យើងបានដែរ ប្រសិនបើយើងអធិដ្ឋាននៅពេលឥឡូវនេះ។ តើខ្ញុំដឹងបានដោយរបៀបណា? ពីព្រោះទ្រង់បានធ្វើរឿងនេះចំពោះខ្ញុំរួចទៅហើយ។ ខ្ញុំក៏លែងមានការឈឺចាប់ ដោយសារកំហឹងតទៅទៀតដែរ»។ 

លោកត្រាយបានបន្តទៀត។ «ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រា ទ្រង់បានប្រសូត្រនៅលើផែនដីនេះ ដើម្បីនឹងបង្វែរចិត្តរបស់យើងឱ្យត្រឡប់ទៅឯព្រះអាទិកររបស់យើងឡើងវិញ។ ពួកមេដឹកនាំសាសនាក៏បានច្រណែននឹងប្រជាប្រិយភាពនៃការបង្រៀន និងការព្យាបាលរបស់ព្រះយេស៊ូវយ៉ាងខ្លាំងផងដែរ។ ពួកគេបានរៀបចំផែនការ ដើម្បីធ្វើគុតទ្រង់។ ពួកគេបានចោទប្រកាន់ទ្រង់ វាយដំទ្រង់ ព្រមទាំងឆ្កាងទ្រង់ឱ្យសុគតនៅលើឈើឆ្កាងផងដែរ»។

«ពិតជាអាក្រក់មែន!» លោកដារ៉ាបាននិយាយកាត់។ 

«បាទ ប៉ុន្តែ ព្រះយេស៊ូវមិនបានតបត ឬដាក់បណ្តាសាដល់ពួកគេនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានសម្លឹងមើលទៅលើមេឃ ហើយស្រែកឡើងថា ‹ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ›»។

«អស្ចារ្យមែន» លោកដារ៉ាបាននិយាយ។ «បើបងវិញ បងមិនអាចធ្វើអ៊ីចឹងបានទេ»។ 

លោកត្រាយបានតបថា «ពិតមែនហើយបង ខ្ញុំក៏ធ្លាប់គិតអ៊ីចឹងដែរ។ ខ្ញុំជាមនុស្សឆេវឆាវម្នាក់។ ប៉ុន្តែ បងដារ៉ាដឹងទេថា ព្រះយេស៊ូវបានមានបន្ទូលថា «ត្រូវ​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋានឱ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ» (ម៉ាថាយ ៥៖៤៤, ពគប)។ ព្រះយេស៊ូវមិនត្រឹមតែបង្រៀនសេចក្តីនេះទេ ប៉ុន្តែ ទ្រង់ថែមទាំងធ្វើតាមសេចក្តីនេះផងដែរ។ផង។ នៅពេលដែលខ្ញុំគិតអំពីរឿងទាំងនេះ ហើយទូលសូមនូវការព្យាបាលពីព្រះនោះ ជីវិតរបស់ខ្ញុំក៏ផ្លាស់ប្តូរទៅ»។ 

អំណាចនៃការអត់ទោសនាំមកនូវការព្យាបាល

ប៉ុន្មានសប្តាហ៍ក្រោយមក លោកដារ៉ាបានអានរឿងជាច្រើនអំពីការសុគតរបស់ព្រះយេស៊ូវ និងសេចក្តីបង្រៀនផ្សេងៗអំពីការស្រឡាញ់ខ្មាំងសត្រូវរបស់យើង។ គាត់ក៏បានបើកចិត្តទទួលយកព្រះ និងអធិដ្ឋានផងដែរ នៅពេលដែលគាត់បានឃើញគ្រួសារប្អូនស្រីគាត់អធិស្ឋាន។ គាត់បានទូលដល់ព្រះ អំពីការឈឺចាប់ និងកំហឹងរបស់គាត់។ ខណៈដែលគាត់កំពុងតែសូមឱ្យព្រះអម្ចាស់ព្យាបាលចិត្តរបស់គាត់នោះ ពពកខ្មៅក៏ចាប់ផ្តើមរសាត់ចេញបន្តិចម្តងៗដែរ។ 

លោកត្រាយបានសង្កេតឃើញការផ្លាស់ប្តូរ។ គាត់បានប្រាប់លោកដារ៉ាថា «ខ្ញុំយល់ឃើញថា ព្រះកំពុងតែផ្លាស់ប្តូរបងហើយ»។ «តើបងមិនចង់ធ្វើជាសិស្សរបស់ព្រះយេស៊ូវទេឬអី?» 

លោកដារ៉ាបានឆ្លើយទាំងញញឹមថា «បាទ។ ព្រះកំពុងព្យាបាលបងហើយ។ តើបងគួរធ្វើយ៉ាងម៉េច ដើម្បីឱ្យបានក្លាយជាសិស្សរបស់ទ្រង់?»

លោកត្រាយបានបង្រៀនគាត់ថា ការដើរតាមព្រះយេស៊ូវនោះ គឺជាការចូលរួមអធិដ្ឋាន រៀនអំពីព្រះ និងគោរពតាមសេចក្តីបង្រៀនរបស់ព្រះនៅក្នុងព្រះគម្ពីរជាមួយនឹងសិស្សដទៃៗទៀត។ រាស្ត្ររបស់ព្រះក៏ត្រូវតែប្រាប់អ្នកដទៃអំពីរបៀបដែលទ្រង់បានផ្លាស់ប្តូរពួកគេ ព្រមទាំងអញ្ជើញអ្នកដទៃឱ្យទទួលបានអំណាចរបស់ទ្រង់នេះផងដែរ។ ពួកសិស្សរបស់ព្រះយេស៊ូវសុទ្ធតែបានទទួលនូវសេចក្តីសន្យាមួយដែលថា នៅថ្ងៃមួយ ទ្រង់នឹងធ្វើឱ្យផែនដីនេះថ្មីឡើងវិញ។

លោកដារ៉ាក៏បានសម្រេចចិត្តថា នឹងដើរតាមព្រះមួយអង្គនេះ។ ថ្ងៃមួយ លោកត្រាយបានកត់សំគាល់ឃើញថា លោកដារ៉ាកំពុងតែរៀបចំឥវ៉ាន់របស់គាត់។ គាត់បានសួរទាំងចាប់អារម្មណ៍ថា «តើបងកំពុងធ្វើអ្វីហ្នឹង?»។

លោកដារ៉ាបាននិយាយថា «បងនឹងត្រឡប់ទៅភូមិប្រពន្ធបងវិញ»។ «បងត្រូវទៅប្រាប់ពួកគេថា បងបានអត់ទោសដល់ពួកគេហើយ! ហើយបងក៏នឹងប្រាប់អំពីសេចក្តីសង្ឃឹមថ្មីដែលបងមានផងដែរ»។

ប្រសិនបើលោកអ្នកចង់រៀនបន្ថែមទៀតអំពីរបៀបដែលព្រះយេស៊ូវអាចជួយលោកអ្នកឱ្យយកឈ្នះលើកំហឹង គំនុំ ឬការបាក់ទឹកចិត្តនោះ សូមទាក់ទងមកកាន់យើងខ្ញុំតាមព័ត៌មាននៅលើខ្នងក្រដាសនេះ។

Copyright © 2023 by Sharing Hope Publications.  លោកអ្នកអាចបោះពុម្ពផ្សាយកិច្ចការនេះបាន និងចែកចាយសម្រាប់គោលបំណងដែលមិនរកកម្រៃ ដោយមិនចាំបាច់មានការអនុញ្ញាត។ ខគម្ពីរត្រូវបានដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ (ពគប) ឆ្នាំ១៩៥៤។

សូមចុះឈ្មោះដើម្បីបានទទួលព្រឹត្តិប័ត្រព័ត៌មានរបស់យើង

ក្លាយជាមនុស្សដំបូងដើម្បីបានដឹងថាពេលណាការបោះពុម្ពផ្សាយថ្មីៗបានរួចរាល់

newsletter-cover