
ការស្វែងរកទីលំនៅដ៏អស់កល្បជានិច្ចរបស់លោកអ្នក
សេចក្តីសង្ខេប
ព្រះអាទិករទ្រង់បានបង្កើតពិភពលោកដ៏គ្រប់លក្ខណ៍ និងឥតខ្ចោះមួយ។ ប៉ុន្តែមនុស្សដំបូងៗបានជ្រើសយកជម្រើសដែលនាំមកនូវសោកនាដកម្ម ហើយផែនដីនេះក៏លែងជាកន្លែងដែលសុវត្ថិភាពទៀតដែរ។ ព្រះគម្ពីរ ដែលជាគម្ពីរបរិសុទ្ធរបស់គ្រីស្ទានសន្យាថា ព្រះទ្រង់នឹងធ្វើឲ្យអ្វីៗទាំងៃអស់ល្អឡើងវិញឲ្យដូចពីមុន ប៉ូន្តែតើយើងរាល់គ្នាអាចដឹងថាសេចក្តីសន្យារបស់ព្រះអង្គ ពិតប្រាកដដោយរបៀបណា? ខិត្តបណ្ណនេះពន្យល់អំពីបទទំនាយដ៏គួរឲ្យចាប់អារម្មណ៍មួយនៅក្នុងបទគម្ពីរដានីយ៉ែលជំពូក៩ ដែលផ្លល់ទំនុកចិត្តដល់យើងថា សារដទៃៗទៀតនៅក្នុងព្រះគម្ពីរក៏នឹងកើតឡើងដូចដែលព្រះជាម្ចាស់បានមានបន្ទូលផងដែរ។
ប្រភេទ
ខិត្តបណ្ណ
រោងពុម្ព
Sharing Hope Publications
មាននៅក្នុង
12 ភាសា
ទំព័រ
6
យើងរាល់គ្នាសុទ្ធតែយល់ឃើញថា ទីលំនៅគឺជាកន្លែងប្រកបទៅដោយសេចក្តីស្រឡាញ់ ការជឿទុកចិត្ត និងការព្យាបាល។ នៅក្នុងពិភពលោកដែលពោរពេញទៅដោយសេចក្តីវេទនា និងភាពមិនស្ថិតស្ថេរនេះ ចិត្តរបស់យើងតែងតែប្រាថ្នាចង់បានជម្រកមួយដ៏សុវត្ថិភាព ដែលយើងអាចរកឃើញនូវការសម្រាកដ៏ពិតប្រាកដមួយ។
បំណងប្រាថ្នារបស់យើងសម្រាប់ភាពស្ងប់សុខដ៏គ្មានព្រំដែននេះមានប្រភពមកពីព្រះ។ ព្រះគម្ពីរ ដែលជាសំណេរដ៏បរិសុទ្ធរបស់គ្រីស្ទាន បានសំដែងប្រាប់អំពីព្រះអាទិករដែលបានបង្កើតមនុស្សលោកមក សម្រាប់អត្ថិភាពដ៏សុខសាន្តអស់កល្បជានិច្ចមួយ (សាស្តា ៣៖១១)។
ប៉ុន្តែ តើយើងអាចជឿទុកចិត្តទៅលើព្រះគម្ពីរបានដែរឬទេ? មនុស្សរាប់លាននាក់នៅក្នុងប្រវត្តិសាស្ត្របាននិយាយអំពីសេចក្តីអំណរ និងសេចក្តីសុខសាន្តដែលពួកគេបានរកឃើញតាមរយៈព្រះគម្ពីរនេះ។ ប៉ុន្តែ តើយើងអាចដឹងថា សេចក្តីបង្រៀននៃព្រះគម្ពីរនេះគឺជាសេចក្តីពិតបានដោយរបៀបណា?
អំណះអំណាងទី១ គឺជា៖ ការពន្យល់ដ៏សមហេតុសមផលជាងសំណេរណាៗទាំងអស់
អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា ទ្រឹស្តីបន្ទុះ (Big Bang Theory) គឺជាឧទាហរណ៍នៃកំណើតសកលលោកដ៏ល្អបំផុតមួយ។ ទោះជាយ៉ាងនេះក្តី អ្នកវិទ្យាសាស្ត្រខ្លះបានសារភាពថា មានកំហុសយ៉ាងធ្ងន់ធ្ងរមួយ ពោលគឺថា មិនអាចមានការផ្ទុះបានឡើយ ប្រសិនបើគ្មានរបស់ដែលមានស្រាប់សម្រាប់ឱ្យផ្ទុះនោះ។ ការឆកល្វែងនេះនាំទៅរកការសន្និដ្ឋានមួយទៀតដែលថា ព្រះអាទិករពិតជាមានមែន។
ព្រះគម្ពីរបានបង្រៀនថា ព្រះបានបង្កើតពិភពលោកដ៏ល្អឥតខ្ចោះមួយ រួមទាំងបុរស និងស្ត្រីដំបូង ដែលជាអ្នកគ្រប់គ្រងលើភិភពលោកនេះផងដែរ។ ព្រះអម្ចាស់មានបំណងចង់ឱ្យមនុស្សលោករស់នៅដោយសុខសាន្ត និងដោយមានសុភមង្គលនៅទីនេះជារៀងរហូត ដរាបណាពួកគេនៅតែលើកតម្កើង និងគោរពតាមទ្រង់។ ទោះជាយ៉ាងនេះក្តី បុរស និងស្ត្រីបានបែកចេញពីព្រះ ដោយសារតែការមិនស្តាប់បង្គាប់តាមទ្រង់។ ទង្វើរបស់ពួកគេបាននាំមកនូវភាពមិនស្ថិតស្ថេរ និងសេចក្តីស្លាប់មកកាន់ពិភពលោកនេះ (រ៉ូម ៥៖១២)។ ចាប់តាំងពីពេលនោះមក មនុស្សជាតិក៏ចាប់ផ្តើមប្រាថ្នាចង់បានកន្លែងមួយដែលមានសុវត្ថិភាព និងស្ងប់សុខជារៀងរហូត។
ប៉ុន្តែ ព្រះមិនបានបោះបង់គ្រួសារមនុស្សលោកចោលឡើយ។ ទ្រង់បែរជាសន្យាថា នឹងប្រទានព្រះអង្គសង្គ្រោះមួយអង្គ ដែលព្រះអង្គនោះនឹងត្រូវបំបែកអំណាចនៃសេចក្តីអាក្រក់នៅក្នុងជីវិតរបស់យើងរាល់គ្នា ព្រមទាំងធ្វើឱ្យសីលធម៌ និងសេចក្តីល្អផុសចេញពីចិត្តរបស់យើងឡើងវិញទៀតផង។ ទ្រង់នឹងបើកផ្លូវឱ្យយើងរាល់គ្នាត្រឡប់ទៅឯទីលំនៅដើមរបស់យើងឡើងវិញ (យ៉ូហាន ១៤៖១–៣)។
អំណះអំណាងទី២ គឺជា៖ គោលបំណងនៃការស្វែងរកព្រះអង្គសង្គ្រោះតែមួយ នៅក្នុងសាសនាផ្សេងៗគ្នា
មនុស្សទាំងឡាយពីប្រទេសជាច្រើន និងសាសនាផ្សេងៗគ្នា ទូទាំងប្រវត្តិសាស្ត្រ សុទ្ធតែមានភាពស្រពេចស្រពិលទាក់ទង់ទៅនឹងព្រះអង្គសង្គ្រោះនៃបទទំនាយដែលបានទាយទុកមកថា ទ្រង់គឺជាអ្នកស្តារពិភពផែនដីនេះ និងប្រទានជីវិតអស់កល្បជានិច្ចឡើងវិញ។ ប៉ុន្តែ មានតែព្រះគម្ពីរប៉ុណ្ណោះ ដែលបានទាយអំពីបន្ទាត់ពេលវេលានៃការយាងមករបស់ទ្រង់។ ប្រសិនបើបន្ទាត់ពេលវេលានេះត្រូវបានបញ្ជាក់តាមរយៈប្រវត្តិសាស្ត្រនោះ យើងក៏អាចយល់ឃើញថា ព្រះគម្ពីររួមទាំងសេចក្តីសន្យាអំពីទីលំនៅដ៏អស់កល្បនៃសេចក្តីស្ងប់សុខដែលព្រះគម្ពីរបានសំដែងនោះ ក៏ជារឿងពិតផងដែរ។
អំណះអំណាងទី៣ គឺជា៖ ការផ្ទៀងផ្ទាត់នៃប្រវត្តិសាស្ត្រ
នៅឆ្នាំ៦០៥មុនគ្រិស្តសករាជ ពួកសាសន៍យូដានៃប្រទេសអ៊ីស្រាអែលត្រូវបានចាប់ជាឈ្លើយ ដោយការឈ្លានពាននៃកងទ័ពបាប៊ីឡូន។ ក្នុងអំឡុងពេលនេះ ព្រះ បានបញ្ជូនពួកហោរាឱ្យកោះហៅពួកបណ្តាជនត្រឡប់មកឯព្រះអង្គវិញ។ ពួកហោរាទាំងនេះក៏បានរំឭកពួកបណ្តាជនអំពីសេចក្តីសន្យានៃព្រះអង្គសង្គ្រោះ ព្រមទាំងបានទស្សន៍ទាយអំពីពេលវេលាដែលទ្រង់ត្រូវយាងមកទៀតផង។
លោកដានីយ៉ែល ដែលជាហោរាម្នាក់ក្នុងចំណោមហោរាទាំងនេះ បានទទួលការបើកសំដែងអំពីបន្ទាត់ពេលវេលានៃរយៈកាល៤៩០ឆ្នាំយ៉ាងជាក់លាក់មួយ សម្រាប់ការយាងមកដល់របស់ព្រះអង្គសង្គ្រោះ។ បន្ទាត់ពេលវេលាបានចាប់ផ្តើមនៅក្នុងឆ្នាំដែលស្តេចមួយអង្គចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យសាសន៍យូដាសាងសង់ទីក្រុងយេរូសាឡិម ដែលត្រូវបានបំផ្លាញកាលពីមុននោះឡើងវិញ។ ៤៨៣ឆ្នាំក្រោយមកទៀត ព្រះអង្គសង្គ្រោះនឹងត្រូវប្រសូតមក ហើយបន្ទាប់ពីការបម្រើ និងការបង្រៀនអស់រយៈពេលបីឆ្នាំកន្លះរួចមក ទ្រង់នឹងត្រូវមនុស្សអាក្រក់ធ្វើគុតវិញ។ បីឆ្នាំកន្លះក្រោយមកទៀត ដំណឹងល្អស្តីអំពីការស្តារឡើងវិញ ដែលបានសន្យាទុកនោះ នឹងត្រូវផ្សព្វផ្សាយទូទាំងពិភពលោកទាំងមូល។
នេះគឺជាបទទំនាយដ៏ច្បាស់លាស់មួយ! ប៉ុន្តែ តើបទទំនាយនេះ ត្រូវតាមប្រវត្តិសាស្ត្រដែរឬទេ? ព្រះរាជក្រឹត្យឱ្យកសាងទីក្រុងយេរូសាឡិមឡើងវិញបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ៤៥៧មុនគ្រិស្តសករាជ។ ពិតប្រាកដណាស់ ៤៨៣ឆ្នាំក្រោយមក ព្រះយេស៊ូវដ៏ជាព្រះបរមគ្រូបានចាប់ផ្តើមព័ន្ធកិច្ចរបស់ទ្រង់ជាសាធារណៈ (គឺនៅក្នុងឆ្នាំ២៧នៃគ្រិស្តសករាជ)។ កាលបរិច្ឆេទនេះត្រូវបានដឹង ដោយសារតែព្រះគម្ពីរបានបញ្ជាក់ថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះនៅក្នុងអំឡុងឆ្នាំទី១៥ នៃរាជ្យរបស់សេសារ-ទីប៊េរី ដែលជាអធិរាជដ៏ល្បីល្បាញមួយអង្គនៅក្នុងប្រវត្តិសាស្ត្រ (លូកា ៣៖១–២)។ ឯកសារនៃសាក្សីជាច្រើនទៀតបានយោងទៅតាមបរិបទនៃភូមិសាស្ត្រ និងនយោបាយដែលអាចផ្ទៀងផ្ទាត់ទៅនឹងប្រវត្តិសាស្ត្របាន។ ព្រះយេស៊ូវបានបំពេញតាមបន្ទាត់ពេលវេលានៃបទទំនាយស្តីអំពីព្រះអង្គសង្គ្រោះនេះ យ៉ាងត្រឹមត្រូវជាទីបំផុត។ ប៉ុន្តែ ក៏នៅមានបទទំនាយតមកទៀតផងដែរ។
បទទំនាយបានទាយថា ក្រោយពីបីឆ្នាំកន្លះរួចមក ព្រះអង្គសង្គ្រោះនឹងត្រូវ «ផ្តាច់ចេញវិញ ឥតមានទាក់ទងនឹងអ្វីឡើយ» (ដានីយ៉ែល ៩៖២៦)។ ពិតមែនហើយ នៅក្នុងឆ្នាំ៣១នៃគ្រិស្តសករាជ ព្រះយេស៊ូវត្រូវបានសាសន៍រ៉ូមសម្លាប់។ បន្ទាប់មក ទ្រង់បានរស់ឡើងវិញ ដើម្បីបង្ហាញអំពីជ័យជំនះរបស់ទ្រង់ លើសេចក្តីស្លាប់។ ពួកសិស្សរបស់ព្រះយេស៊ូវបានផ្សព្វផ្សាយដំណឹងល្អនៃព្រះអង្គសង្គ្រោះ ទូទាំងសាសន៍អ៊ីស្រាអែល ប៉ុន្តែ បន្ទាប់ពីបីឆ្នាំកន្លះក្រោយមកទៀត ពួកគេក៏បានផ្សាយដំណឹងល្អទៅកាន់ពិភពលោកទាំងមូល។ ផ្នែកនៃបទទំនាយនេះត្រូវបានបញ្ជាក់ដោយប្រភពឯកសារនៃសាសន៍យូដា និងសាសន៍រ៉ូមដែលបានផ្សព្វផ្សាយអំពីការបង្រៀនរបស់ព្រះយេស៊ូវនៅគ្រានេះយ៉ាងផុសផុលបំផុត។
គំនូសតាងខាងក្រោមបានបង្ហាញអំពីកាលបរិច្ឆេទនិងព្រឹត្តិការណ៍សំខាន់ៗនៃបទទំនាយរយៈកាល៤៩០ឆ្នាំរបស់លោកដានីយ៉ែល។
អំណះអំណាងទី៤ គឺជា៖ ជីវិតដែលបានផ្លាស់ប្រែ
បទទំនាយដែលបានសម្រេចឡើងនៅក្នុងប្រវត្តិសាស្ត្រនេះអស្ចារ្យជាទីបំផុត! ប៉ុន្តែ អំណះអំណាងដ៏ធំមួយនៃភាពត្រឹមត្រូវរបស់ព្រះគម្ពីរនោះ គឺជាការផ្លាស់ប្តូរជីវិតអ្នក ដែលបានអានព្រះគម្ពីរ និងបានទទួលយកព្រះ ដែលព្រះគម្ពីរនេះបានបង្រៀន។ ពួកឧក្រឹដ្ឋជនបានសារភាពអំពើទុច្ចរិតរបស់ពួកគេ។ មនុស្សដែលបានដឹកនាំដោយសេចក្តីសម្អប់ ការច្រណែន និងគំនុំនោះ ឥឡូវនេះ ពួកគេបានក្លាយមកជាសប្បុរស និងមានសេចក្តីស្រឡាញ់ឡើងវិញ។
សេចក្តីអញ្ជើញ
ចុះលោកអ្នកវិញ? តើលោកអ្នកកំពុងតែស្វែងរកទីលំនៅដែលមានសេចក្តីស្ងប់សុខជារៀងរហូតដែរឬទេ? ព្រះគម្ពីរបានសន្យាអំពីទីលំនៅដ៏ស្ងប់សុខនេះ! តើលោកអ្នកនឹងទូលសូមឱ្យព្រះយេស៊ូវស្វាគមន៍លោកអ្នកចូលទៅក្នុងជីវិតអស់កល្បនៅលើផែនដីថ្មីដែរឬទេ? សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមព័ត៌មាននៅខ្នងក្រដាសនេះ ដើម្បីរៀនបន្ថែមទៀត!
Copyright © 2023 by Sharing Hope Publications. លោកអ្នកអាចបោះពុម្ពផ្សាយកិច្ចការនេះបាន និងចែកចាយសម្រាប់គោលបំណងដែលមិនរកកម្រៃ ដោយមិនចាំបាច់មានការអនុញ្ញាត។ ខគម្ពីរត្រូវបានដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធ (ពគប) ឆ្នាំ១៩៥៤។សូមចុះឈ្មោះដើម្បីបានទទួលព្រឹត្តិប័ត្រព័ត៌មានរបស់យើង
ក្លាយជាមនុស្សដំបូងដើម្បីបានដឹងថាពេលណាការបោះពុម្ពផ្សាយថ្មីៗបានរួចរាល់

រកមើលអ្នកអានរបស់លោកអ្នក
ការបោះពុម្ពផ្សាយពិសេសៗទាំងឡាយ
© 2023 Sharing Hope Publications